ឥណ្ឌូនេស៊ី ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនជាង៣០%

សង្គម​ និង​សេដ្ឋកិច្ច

ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនលើសជាង ៣០ ភាគរយ ខណៈភាគីទាំងពីរក៏បានប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀតផងដែរ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើង កាលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសម្ពោធព្រឹត្តិការណ៍ «សួស្ដីឥណ្ឌូនេស៊ី ២០២៦» ក្រោមវត្តមានលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក គ្រីស្នាហ្ស៊ី ផាតាឌីរ៉េហ្សា (Krishnajie Partadireja) ភារធារីនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

នាឱកាសនោះ លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេសផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធស្ដីពីអាជីវកម្ម និងការវិនិយោគ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីស្តីទី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងជំរុញអន្តរកម្មរវាងវិនិយោគិននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសថ្មីៗ និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនលើស ១ពាន់លានដុល្លារអាម៉េរិក ទាំងក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។

ដោយឡែក បើគិតត្រឹមរយៈពេល ៨ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានឈានដល់ ៩៣៥លានដុល្លារអាម៉េរិក ពោលគឺមានការកើនកើនឡើងប្រមាណ ៣៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន