សម្តេច ម៉ែន សំអន ជំរុញឱ្យរួមគ្នាអនុវត្តន៍៤ចំណុច ដើម្បីពង្រឹងសមត្ថភាពឌីជីថល និងសេដ្ឋកិច្ចដល់ស្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេច ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានផ្តល់អនុសាសន៍គន្លឹះចំនួន៤ចំណុចដល់ស្ត្រី ពង្រឹងសមត្ថភាពឌីជីថល និងសេដ្ឋកិច្ចដល់ស្ត្រីកម្ពុជាបន្ថែមទៀត។ សម្តេច ម៉ែន សំអន ថ្លែងបែបនេះ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធការងាររបស់សមាគមនារីប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តដោយមានការអញ្ជើញចូលរួមពីលោកជំទាវគ្រប់សាខា ក្រសួង-ស្ថាប័ន និង ២៥ រាជធានី-ខេត្ត និងតាមប្រព័ន្ធហ្សូម សរុបជាង ១.០០០នាក់ កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនោះ សម្តេច ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកាទាំងអស់នៅគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីលះបង់ខ្ពស់ក្នុងការបម្រើបុព្វហេតុស្ត្រី និងកុមារ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។

សម្តេច ក៏បានបាន្តទៀតថា នៅក្នុងអណត្តិទី ៧​ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយលើកស្ទួយ និងគាំទ្រស្ត្រីនៅគ្រប់លំដាប់ថ្នាក់ ត្រូវបានបន្តរឹតតែពង្រឹងយ៉ាងរឹងមាំ តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ សម្តេចធិបតី តែងតែបញ្ជាក់យ៉ាងច្បាស់ អំពីការបង្កើនកលានុវត្តភាពដល់ស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពឌីជីថល សេដ្ឋកិច្ចរបស់ស្ត្រី ព្រមទាំងការការពារសិទ្ធិ សុខុមាលភាពស្ត្រី និងកុមារនៅគ្រប់កាលៈទេសៈ។

ហេតុនេះ ដើម្បីពង្រឹងសមត្ថភាពឌីជីថល សេដ្ឋកិច្ចរបស់ស្ត្រី សម្តេច ម៉ែន សំអន បានស្នើទៅកាន់គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើចំណុចគន្លឹះចំនួន៤ចំនុចរួមមាន៖១. ពង្រឹង និងពង្រីកការកសាងសមត្ថភាពស្ត្រី៖ ត្រូវបន្តរៀប​ចំ​ វគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងចំណេះដឹង ផ្នែកឌីជីថល ដល់បណ្តាញស្ត្រីនៅមូលដ្ឋាន ដើម្បីប្រៀប​ចំស្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង និងឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។២. បន្តពង្រឹងបណ្តាញសមាគមនៅថ្នាក់មូលដ្ឋាន៖ ចុះជាប់ជា មួយប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារងាយរងគ្រោះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និង រួមចំណែកលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។៣. រក្សាសាមគ្គីភាព និងកិច្ចសហការ៖ ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ដើម្បី ឱ្យសកម្មភាពរបស់សមាគមប្រព្រឹត្តទៅដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់។

និង៤. ស្ត្រីនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំអនុវត្តសម្រេចឲ្យបាននូវជោគជ័យ នៃសេចក្តីសម្រេច​ផែ​នការសកម្មភាព របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី ៦ ឆ្នាំ ២០២៧ នា​ពេល​ខាងមុខ៕ អត្ថបទ៖ហ្សាលីន