សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការតែងតាំងស្រ្ដីជាអភិបាលរងថ្នាក់ក្រោមជាតិយ៉ាងតិច ២-៣ នាក់បន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ កុម្ភៈម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចពេក។ សម្ដេចតេជោក៏បានណែនាំឱ្យមានការតែងតាំងស្រ្ដី ជាអភិបាលរងយ៉ាងតិច ២-៣ នាក់ បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានផ្ដល់អំណាចដើម្បីឱ្យមូលដ្ឋានអាចជ្រើសរើស ប៉ុន្ដែការស្នើមកនោះ មិនមានស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋាន ក្នុងការជ្រើសរើសជាអភិបាលរងខេត្ត ស្រុក ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន។

សម្ដេចតេជោមានប្រសាសន៍បន្តទៀតថា កាជ្រើសរើសមន្រ្ដី គឺសុំស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើកតំកើនស្រ្ដីនៅគ្រប់តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។

ទាក់ទងនឹងចំនួនស្រ្តីនេះដែល នៅឆ្នាំ២០២២កន្លងទៅ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការនារី  លោកស្រី អ៉ឹង កន្ថាផាវី ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីបានលើកឡើងថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។ នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។

ទោះជាយ៉ាងណា លោកស្រី អ៉ឹង កន្ថាផាវី បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម៕