ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូល AMD បានក្លាយជាក្រុមហ៊ុនរបស់អាមេរិកមួយផ្សេងទៀតដែលបានឈានដល់តម្លៃមូលធនទីផ្សារ ១ទ្រីលានដុល្លារ ខណៈពេលដែលវិនិយោគិនជឿជាក់ទៅលើតួនាទីរបស់ក្រុមហ៊ុននេះ នៅក្នុងពេលដែលវិស័យបច្ចេកវិទ្យា AI កំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទវគ្គជួញដូរកាលពីថ្ងៃទី២១ ខែកញ្ញា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក AMD បានកើនឡើង ១០% រហូតដល់ ៦១៥,៥ដុល្លារ/ហ៊ុន។ ជាលទ្ធផល តម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនបានកើនឡើងលើសពី ១ទ្រីលានដុល្លារជាលើកដំបូង។
AMD គឺជាក្រុមហ៊ុនផលិតបន្ទះឈីបទី៤ នៅអាមេរិកដែលសម្រេចបានសមិទ្ធផលនេះ បន្ទាប់ពី Nvidia, Broadcom និង Micron។ Nvidia ធ្លាប់សម្រេចបានសមិទ្ធផលនេះជាលើកដំបូង ក្នុងឆ្នាំ២០២៣ ហើយបច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតក្នុងលោកដែលមានតម្លៃមូនធនទីផ្សារជាង ៥ទ្រីលានដុល្លារ។ AMD ត្រូវបានគេចាត់ទុកជាគូប្រជែងប្រកៀកប្រកិតបំផុតរបស់ Nvidia នៅក្នុងវិស័យបន្ទះឈីបអាមេរិក។
គួរជម្រាបជូនថា AMD កំពុងពន្លឿននៃការចេញផ្សាយផលិតផល AI ដោយផ្លាស់ប្តូរពីការលក់ត្រឹមតែបន្ទះឈីបទោល ទៅជាការផ្តល់ជូនប្រព័ន្ធពេញលេញ ដើម្បីប្រកួតប្រជែងជាមួយ Nvidia។ ការកើនឡើងនៃតម្រូវការ CPU ក៏កំពុងជួយឲ្យ AMD ដណ្តើមបានទីផ្សារពី Intel ផងដែរ៕

