នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចពិគ្រោះយោបល់ លើផែនការប្រើប្រាស់ដី និងលក្ខខណ្ឌនៃការប្រើប្រាស់ដី និងនគរូបនីយកម្ម ក្នុងតំបន់ ១ និងតំបន់២ នៃ “តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” ជាមួយ តំណាងអង្គការ UNESCO តំណាងស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា ដែលជាសហប្រធាន ICC Angkor ដើម្បីឈានទៅរកការឯកភាពគ្នាក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិនៅតំបន់អង្គរ។

ក្រសួងបានបញ្ជាក់ថា នេះគឺជាវិធាន នៃការប្រើប្រាស់ដី ច្បាស់លាស់ និងមានសារៈសំខាន់លើកដំបូង ក្នុងតំបន់១ និង តំបន់២ នៃតំបន់អង្គរ ដែលគិតគូរ និងឱ្យតម្លៃខ្ពស់ ដល់កាអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ទាំង ១១៤ ក្នុងតំបន់អង្គរ ទំហំ ៤០១ គីឡូម៉ែត្រការ៉េ។
សូមគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផលិតចេញនូវផែនការឯកភាពរួមមួយរវាងបងប្អូនប្រជាជនដែលរស់នៅក្នុងតំបន់អង្គរ អជ្ញាធរដែនដី និងអជ្ញាធរជាតិអប្សរា តាមរយៈការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការប្រើប្រាស់ដី និងបញ្ញត្តិប្រើប្រាស់ដីភូមិទាំង១១៤ ក្នុងតំបន់រមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ ជាបន្តបន្ទាប់ មុនឈានដល់កិច្ចពិគ្រោះយោបល់នៅពេលនេះ។
ជាមួយគ្នានេះ តំណាងសហប្រធាន ICC Angkor ក៏ដូចជា តំណាង UNESCO បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដ៏ស្មុគស្មាញ អស់រយៈកាលជាយូរអង្វែងនេះ។ ក្នុងនាមដៃគូអភិវឌ្ឍន៍ តំណាង UNESCO និងតំណាងសហប្រធាន ICC Angkor គោរពតាមការសម្រេចចិត្តរបស់កម្ពុជា ក្នុងការរៀបចំការងារចាំបាច់នានា ក្នុងគោលដៅអភិរក្ស និងលើកកម្ពស់ជិវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង ភូមិទាំង ១១៤ ស្របតាមបញ្ញតិ្តអន្តរជាតិ។










