កូរ៉េខាងត្បូង ត្រៀមកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅពីមជ្ឈិមបូព៌ាមកនៅត្រឹម ៥០% នៅត្រឹមឆ្នាំ២០៣៥

អន្តរជាតិ

ក្រសួងឧស្សាហកម្មបាននិយាយនៅថ្ងៃទី២៣ ខែកញ្ញាថា ប្រទេសកូរ៉េខាងត្បូង មានគោលបដៅកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅដែលនាំចូលពីតំបន់មជ្ឈិមបូព៌ាមកត្រឹម ៥០% នៅត្រឹមឆ្នាំ២០៣៥ ខណៈពេលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីបួននៅអាស៊ីមួយនេះ ស្វែងរកការធ្វើចម្រុះកម្មប្រភពផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីមានការរំខានដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងផែនការសន្តិសុខធនធានធម្មជាតិរយៈពេល ១០ឆ្នាំរបស់ខ្លួន ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសនេះត្រូវការការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ដោយរៀនសូត្រពីសង្គ្រាមអ៊ីរ៉ង់ ដែលបានបង្កឲ្យមានការរាំងស្ទះដល់លំហូរថាមពលជាសកល។

គួរឲ្យដឹងថាកូរ៉េខាងត្បូង ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង ហើយបានទាញយកប្រភពផ្គត់ផ្គង់រហូតដល់ ៧០% ពីតំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ២០២៥ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

យ៉ាងណាមិញ ក្រោមយុទ្ធសាស្ត្រដែលបានធ្វើបច្ចុប្បន្នភាពនេះ ប្រទេសកូរ៉េខាងត្បូង បានកែសម្រួលផែនការបម្រុងទុកប្រេងឆៅរបស់ខ្លួន ដោយកំណត់គោលដៅពង្រីកបន្ថែមប្រមាណ ២០ លានបារ៉ែលនៅត្រឹមឆ្នាំ២០៣០។ ចំពោះឧស្ម័នធម្មជាតិរាវវិញ រដ្ឋាភិបាលក៏មានគោលដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីមជ្ឈិមបូព៌ាឱ្យនៅក្រោម ៣០% នៅត្រឹមឆ្នាំ២០៣៥ ផងដែរ បន្ទាប់ពីបានកាត់បន្ថយមកត្រឹម ២០% កាលពីឆ្នាំ ២០២៥៕​