ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិជាលើកចុងក្រោយ ពីអតិថិជនដែលបានទិញដីឡូត៍ក្នុងគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គួររំឭកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនដែលជាអតិថិជនរបស់ គម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធ៍ ឃុំស្វាយពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឱ្យបានជ្រាបថា ក្រសួងនឹងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍គ្រប់ចំនួន ១០០% ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១៧:០០នាទី។
ចំពោះទីតាំងគឺនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយាដីខេត្តកំពង់ចាម ដែលមានអាសយដ្ឋានស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម៕








