អាមេរិក ត្រៀមចេញមុខជួយមហាសេដ្ឋី Elon Musk ប្តឹងតវ៉ាប្រឆាំងនឹង EU ជុំវិញការពិន័យបណ្តាញសង្គម X

អន្តរជាតិ

រដ្ឋាភិបាលអាមេរិក បាននិយាយចេញមុខនិយាយកាលពីថ្ងៃទី២៤ ខែកញ្ញាថា ខ្លួនបានស្វែងរកការចូលរួមជាផ្លូវការនៅក្នុងបណ្តឹងតវ៉ាផ្លូវច្បាប់ដែលដាក់ដោយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk ដើម្បីសុំឱ្យលុបចោលការពិន័យជាទឹកប្រាក់ ១២០លានអឺរ៉ូ (១៣៦,៥១លានដុល្លារ) ដោយសហភាពអឺរ៉ុបប្រឆាំងនឹងបណ្តាញទំនាក់ទំនងសង្គម X របស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យបច្ចេកវិទ្យារបស់ EU បានពិន័យបណ្តាញសង្គម X កាលពីចុងឆ្នាំមុន ពីបទល្មើសនឹងវិធានខ្លឹមសារអនឡាញ ដែលជាទណ្ឌកម្មដំបូងបង្អស់ក្រោមច្បាប់លក្ខខណ្ឌសំខាន់ៗដែលទទួលបានការរិះគន់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាមិញ ក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំទៅកាន់តុលាការទូទៅរបស់ EU ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ X ក្នុងការបដិសេធចោលសំណុំរឿងនេះ។

គួរឲ្យដឹងថាទណ្ឌកម្មរបស់ EU ប្រឆាំងនឹងបណ្តាញសង្គម X នេះ បានធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលពីរឆ្នាំក្រោមច្បាប់សេវាកម្មឌីជីថល (DSA) របស់ប្លុកនេះ ដែលតម្រូវឱ្យបណ្តាញអនឡាញធ្វើសកម្មភាពបន្ថែមទៀតដើម្បីដោះស្រាយខ្លឹមសារខុសច្បាប់ និងមានគ្រោះថ្នាក់។

ជម្រាបជូនថា ការបង្ក្រាបរបស់អឺរ៉ុបលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗជាច្រើន ដើម្បីធានាថាគូប្រជែងតូចៗអាចប្រកួតប្រជែងបាន និងអ្នកប្រើប្រាស់មានជម្រើសច្រើនជាងមុន ត្រូវបានរិះគន់ជារឿយៗដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចោទប្រកាន់ថាវាបានតម្រង់ទិសដៅលើតែក្រុមហ៊ុនរបស់អាមេរិកប៉ុណ្ណោះ៕​