ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។

អនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។
បើតាមក្រសួងទេចរណ៍ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។
សូមបញ្ជាក់ជូនដែរថា កម្ពុជា និងគុយបា គឺជាមួយប្រទេសដែលមានទំនាក់ទំនងការទូតចាប់តាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ ពោលគិតដល់ពេលនេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ៕ អត្ថបទ៖ហ្សាលីន




