អ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ចាប់ផ្តើមបោះទុនរកស៊ីលើវិស័យប្រេងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី

អន្តរជាតិ

ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong ថ្មីៗនេះ បានប្រកាសបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Vin Oil&Gas Global Jsc (VOG) ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើការវិនិយោគ និងការជួញដូរផលិតផលប្រេងកាត និងឧស្ម័ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន VOG ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ មានដើមទុនចុះបញ្ជីដំបូងចំនួន ១ទ្រីលានដុង (ប្រហែល ៣៨,៥លានដុល្លារ) ដោយក្នុងនោះ Vingroup កាន់កាប់ភាគហ៊ុនចំនួន ៥១% ។ Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់វៀតណាម គឺគ្រប់គ្រងដោយលោក Pham Nhat Vuong ដែលជាបុគ្គលមានបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងទ្រព្យសម្បត្តិសរុបជិត ៣៦ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនថ្មីនេះ គឺការវិនិយោគ និងការជួញដូរប្រេងកាត និងឧស្ម័ន។ តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមត្រូវបានទម្លាយឱ្យដឹងអំពីផ្នែក ឬគម្រោងជាក់លាក់ដែល VOG នឹងផ្តោតលើនៅឡើយនោះទេ។

ជម្រាបជូនផងដែរថា ជុំវិញការបង្កើតក្រុមហ៊ុន VOG នេះ ធ្វើឡើងក្នុងពេលដែល Vingroup បាននិងកំពុងពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់វិស័យដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល៕​