ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃទី៣០ ខែតុលាថា ប្រទេសខ្លួននឹងចាប់ផ្តើមប្រមូលពន្ធបន្ថែមចំនួន ៥៥% លើការដឹកជញ្ជូនសាច់គោពីប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១ ខែតុលា តទៅ បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះបាននាំចូលសាច់គោដល់កម្រិតកូតាប្រចាំឆ្នាំ ចំនួន ១,១ លានតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសចិនកាលពីមុន បាននិយាយថាខ្លួននឹងដាក់ពន្ធបន្ថែមចំនួន ៥៥% លើការនាំចូលសាច់គោដែលលើសពីកម្រិតកូតាពីអ្នកផ្គត់ផ្គង់សំខាន់ៗ រួមទាំងប្រទេសប្រេស៊ីល ក្នុងសកម្មភាពដើម្បីការពារឧស្សាហកម្មគោក្នុងស្រុករបស់ខ្លួន។
យ៉ាងណាមិញ ប្រទេសប្រេស៊ីល ដែលជាអ្នកនាំចេញសាច់គោធំជាងគេលើពិភពលោក បាននាំចេញសាច់គោរបស់ខ្លួនទៅកាន់ប្រទេសចិនគ្រប់ចំនួនកំណត់ប្រចាំឆ្នាំ ពោលគឺនៅក្នុងចំនួន ១,១ លានតោន គិតនៅត្រឹមថ្ងៃទី៣០ ខែកញ្ញា។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានថ្លែងថា ប្រទេសអ៊ុយរ៉ូហ្គាយបានអនុញ្ញាតឱ្យប្រេស៊ីលប្រើប្រាស់កម្រិតកូតារបស់ពួកគេ ដើម្បីនាំចេញសាច់គោដែលនៅសល់របស់ខ្លួនទៅកាន់ប្រទេសចិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនទាន់យល់ព្រមអនុញ្ញាតឱ្យប្រេស៊ីលប្រើប្រាស់កូតា របស់អ៊ុយរ៉ូហ្គាយសម្រាប់ឆ្នាំនេះ ឬឆ្នាំមុខនោះទេ។ ប្រភពដដែលបានប្រាប់ Reuters ថា ទោះបីជាប្រេស៊ីលព្រមព្រៀងផ្ទាល់ជាមួយប្រទេសផ្សេងទៀតលើបរិមាណកូតា សាច់គោដែលមិនទាន់ប្រើប្រាស់ក៏ដោយ ក៏ចិនប្រហែលជាមិនទាន់យល់ព្រមនោះដែរ៕

