តម្លៃប្រេងឆៅប្រភេទ Brent បានបន្តកើនឡើងជាង ៤% បន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិកចង់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលប្រទេសចិន ក៏កំពុងត្រៀមផ្អាកនាំចេញផលិតផលប្រេងកែច្នៃរបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការវគ្គជួញដូរកាលពីថ្ងៃទី១ ខែតុលា តម្លៃប្រេងឆៅ Brent បានកើនឡើង ៤,៣% ដល់ ១០២,៣ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅ WTI របស់អាមេរិកបានកើនឡើង ២,៧% ដល់ ៩២,៨ដុល្លារក្នុងមួយបារ៉ែលផងដែរ។ តម្លៃប្រេងឆៅសំខាន់ៗទាំងពីរនេះ បានបន្តកើនឡើងបន្តិចទៀត ក្នុងអំឡុងវគ្គជួញដូរ នៅថ្ងៃទី២ ខែតុលានេះ។
យ៉ាងណាមិញ ទីផ្សារប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងពង្រាយនាវាផ្ទុកយន្តហោះទីបី រួមជាមួយកងទ័ពរហូតដល់ ១០ ០០០ នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងពិចារណាវាយប្រហារលើប្រទេសអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
គួរជម្រាបជូនផងដែរថា កាលពីមុននេះ តម្លៃប្រេងឆៅសំខាន់ទាំងពីបានធ្លាក់ចុះ ១% ក្នុងរយៈពេលខ្លី ប៉ុន្តែបានហក់ឡើងវិញ បន្ទាប់ពីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពស្និទ្ធនឹងរឿងនេះ បានរាយការណ៍ថារោងចក្រប្រេងកាតចិនបានឈប់នាំចេញផលិតផលប្រេងទៅកាន់ទីផ្សារខាងក្រៅហុងកុង និងម៉ាកាវ៕

