រុស្ស៊ី ចេញមុខព្រមានលោកខាងលិចថា អាចនឹងខាតបង់ជិត ៣០០ពាន់លានដុល្លារ បើបន្តដាក់​គំនាប​សេដ្ឋកិច្ចលើខ្លួន

អន្តរជាតិ

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ដោយព្រមានថា ប្រទេសលោកខាងលិចអាចនឹងខាតបង់ទ្រព្យសម្បត្តិ និងការវិនិយោគដែលមានតម្លៃយ៉ាងហោចណាស់ ២៨៨ពាន់លានដុល្លារ ប្រសិនបើពួកគេបន្ត​រឹប​អូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ីដែលបានបង្កក ដើម្បីយកទៅជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ចេញការហាមឃាត់ប្រតិបត្តិការទៅលើធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ដោយបានធ្វើការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ីដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ នៅក្នុងបណ្តាប្រទេសលោកខាងលិច។

យ៉ាងណាមិញ ទាំងមន្ត្រីរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបន្ត​រឹបអូស​ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ីដែលត្រូវបានបង្កកនៅក្នុងប្រទេស​បែលហ្ស៊ិក​ និងទីក្រុងនានាផ្សេងទៀតនៅអឺរ៉ុប ដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីរងការបំផ្លិចបំផ្លាញ។

ជុំវិញការដាក់ចេញវិធានការក្តៅបែបនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការព្រមានថា មិនត្រឹមតែប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងអាចប៉ះពាល់ដល់បណ្តាលប្រទេសក្នុងតំបន់អឺរ៉ុបផងដែរ ដែលនឹងរងការខាតបង់ធំ ប្រសិនបើពួកគេបន្តរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ីផ្សេងទៀតនោះ។

ប្រភពពី RIA បានដកស្រង់ទិន្នន័យ ដោយបង្ហាញថាការវិនិយោគផ្ទាល់ដោយសហភាពអឺរ៉ុប ក៏ដូចជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 អូស្ត្រាលី និងស្វីស នៅក្នុងសេដ្ឋកិច្ចរុស្ស៊ី គិតត្រឹមចុងឆ្នាំ២០២២ កន្លងទៅ មានចំនួនសរុបរហូតដល់ទៅ ២៨៨ពាន់លានដុល្លារ ឯណោះ៕