មហាសេដ្ឋីកំពូលជប៉ុន Masayoshi Son ជាមនុស្សតែម្នាក់គត់បន្ទាប់ពីលោក Musk ដែលកើនទ្រព្យច្រើនបំផុតត្រឹមតែមួយថ្ងៃ

អន្តរជាតិ

លោក Masayoshi Son ដែលជាអ្នកមានបំផុតនៅក្នុងប្រទេសជប៉ុន បានបន្ថែមលុយចំនួន ៧,៤ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់លោកក្នុងរយៈពេលតែត្រឹមតែមួយថ្ងៃ ដែលជាការកើនឡើងធំបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីមហាសេដ្ឋី Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញឲ្យដឹងថា នាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគខ្នាយយក្ស SoftBank Group រូបនេះ បានឃើញទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើង ១០% ធៀបនឹងមួយថ្ងៃមុន រហូតដល់ ៨០,២ពាន់លានដុល្លារ ដែលរក្សាតំណែងជាមហាសេដ្ឋីកំពូលម្នាក់នៅអាស៊ី និងឈរនៅចំណាត់ថ្នាក់ទី២៥ លើពិភពលោក។

ទន្ទឹមនឹងនេះ លោក Elon Musk ដែលជា CEO នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅសហរដ្ឋអាមេរិក បានបន្ថែមលុយចំនួន ៩,១ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ៩៣៣,៣ពាន់លានដុល្លារ។

យ៉ាងណាមិញ លោក Son បានទទួលផលប្រយោជន៍យ៉ាងច្រើនពីការកើនឡើងនៃភាគហ៊ុនរបស់ SoftBank។ ដោយក្នុងរយៈពេល ៥ថ្ងៃចុងក្រោយនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៨%។ លោក Son កំពុងប្តេជ្ញាចិត្តវិនិយោគប្រាក់ទឹកប្រាក់រាប់ពាន់លានដុល្លារលើវិស័យ AI រួមទាំងគម្រោង Stargate តម្លៃ ៥០០ពាន់លានដុល្លារ ដែលជាកិច្ចសហការជាមួយ OpenAI, Oracle និង MGX ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ AI នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕​