លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុង នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកយន្តការរៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់នៅតំបន់ភាគពាយ័ព្យជាប់ព្រំដែន ជាពិសេសការរៀបចំប្រព័ន្ធពង្វាងទឹក និងចាប់យកទឹកដែលហូរធ្លាក់ពីប្រទេសថៃ។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងលម្អិតលើគម្រោងរំដោះទឹក និងពង្វាងទឹកអូរខៃដន និងបឹងកន្សែង ដែលជាផ្នែកសំខាន់មួយនៃ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ» ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានលើកយកផែនការជំហានទី២ មកជជែកពិភាក្សាផងដែរ សំដៅពង្រីកសក្តានុពលនៃការរំដោះទឹកចេញពីខេត្តបន្ទាយមានជ័យ ដោយចាប់ពីតំបន់ស្ទឹងបត់ អូរបីជាន់ និងបណ្ដាតំបន់រណបនានា រហូតធ្លាក់ចូលទៅក្នុងបឹងទន្លេសាប។
សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក។ ការកែលម្អប្រព័ន្ធនេះ នឹងធានាដល់ការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំកសិកម្មគ្រប់ប្រភេទ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
វិសាលភាពនៃគម្រោងនេះ គ្របដណ្ដប់លើឃុំ-សង្កាត់ចំនួន ១៧ ស្ថិតក្នុងក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៦ នេះ៕

