នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃដំបូង នៃការចាប់ផ្តើមមានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ បានបង្ហាញឆន្ទៈស្ម័គ្រចិត្ត ដោយអញ្ជើញទៅបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ដែលមានចំនួនជាង ៣ពាន់នាក់ នៅតាមបណ្តាទីតាំងទទួលពាក្យទូទាំងប្រទេស។

ការបំពេញកាតព្វកិច្ចយោធា នឹងចូលរួមចំណែក កសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ មានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា សាធារណៈ ឬវិស័យស៊ីវិលឯកជននោះទេ គឺយើងបានប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។
ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងអំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា ដើម្បីចូលរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលានេះថា « ថ្ងៃទី១ ចាប់ផ្តើមទទួលពាក្យច្បាប់កាតកិច្ចយោធា ការអនុវត្តច្បាប់កាតកិច្ចយោធា ម្សិលមិញមានជិត ៣០០០នាក់ បានដាក់ពាក្យ យើងបើកនៅថ្ងៃទី១០ ជាជំហ៊ានសាកល្បងលើកទី១នៃការរៀបចំ អញ្ចឹងការស្ម័គ្រចិត្តយើងទទួលដល់ថ្ងៃទី១០ ហើយការសម្រេចចិត្តយកប៉ុណ្ណា យកទ្រង់ទ្រាយអីក្នុងឆ្នាំនេះ និងឆ្នាំក្រោយទៀត យើងនឹងបន្តពិនិត្យមើលបន្ថែមទៀត»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឆ្នាំទី១នេះ គឺជាឆ្នាំប្រវត្តិសាស្ត្រនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ហើយវគ្គមួយនេះជាវគ្គដែលសំខាន់ និងត្រូវរៀបចំឱ្យបានទៅតាមចំនួនកំណត់ណាមួយ។ ជាមួយនឹងច្បាប់កាតព្វកិច្ចយោធានេះ សម្រាប់រាជរដ្ឋាភិបាល គឺជាគោលនយោបាយមួយក្នុងការវិនិយោគកសាងពង្រឹងធន់ធានមនុស្ស, ការកសាងធន់ធានមនុស្សនេះគឺមានសារៈសំខាន់ទាំងក្នុងវិស័យការពារជាតិ និងវិស័យសង្គមជាតិ។





