រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានស្នើឲ្យប្រទេសបារាំង និងអាឡឺម៉ង់ ប្រើប្រាស់ប្រេងម៉ាស៊ូតពីទុនបម្រុងបន្ទាន់របស់ពួកគេ ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃប្រេងប្រភេទនេះនៅលើទីផ្សារសកល។ ហើយបើសិនពុំដូច្នោះទេ សហរដ្ឋអាមេរិកអាចនឹងពិចារណាហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតតែម្តង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការព្រមាននេះបានបង្កើនសម្ពាធលើអឺរ៉ុបបន្ថែមទៀត ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការហាមឃាត់ការនាំចេញ ដើម្បីកាត់បន្ថយថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ កាលពីសប្តាហ៍មុន តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦,៥៣ដុល្លារក្នុងមួយហ្គាឡុង (១,៧៣ដុល្លារក្នុងមួយលីត្រ) ដែលកើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញ ជុំវិញការដាក់សម្ពាធពីអាមេរិក ជុំវិញការបញ្ចេញប្រេងពីទុនបម្រុងនោះ បានធ្វើឲ្យសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយប្លុកនេះត្រូវសម្របសម្រួលរវាងតម្រូវការទម្លាក់ថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងការរក្សាប្រេងបម្រុងក្នុងកម្រិតខ្ពស់ ដើម្បីការពារវិបត្តិឥន្ធនៈ ក្នុងករណីដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។
គួរជម្រាបជូនផងដែរថា យោងតាមប្រភពមួយនៅអឺរ៉ុបបានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិកបានស្នើឱ្យសហភាពអឺរ៉ុបបញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែល ក្នុងរយៈពេល ៦ខែខាងមុខ៕

