ព្រះចៅអធិការវត្តអង្គប្រីយ៍ លោកមេឃុំលំចង់​ រួមជាមួយសប្បុរសជន នាំយកអំណោយលើកទី៣ ឧបត្ថម្ភជូនគ្រួសារវីរកងទ័ពជួរមុខចំនួន ៥២គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងជាការលើកទឹកចិត្តដល់កម្លាំងជួរក្រោយ ព្រះតេជព្រះគុណ សែម សុភា ព្រះវិន័យធរអនុគណស្រុកសំរោង​ ចៅអធិការវត្តអង្គប្រីយ៍ ស្ថិតក្នុងឃុំលំចង់​ ស្រុកសំរោង ខេត្តតាកែវ លោកមេឃុំ​ សមាជិកក្រុម​ប្រឹក្សា​ឃុំលំចង់​ លោកអាចារ្យ​ គណៈកម្មការ​វត្ត​ រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានរៀបចំពិធីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់គ្រួសារវីរកងទ័ពជួរមុខចំនួន ៥២គ្រួសារ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៨។ នេះជាការចែកអំណោយលើកទី៣ ហើយដែលត្រូវបានរៀបចំឡើងសម្រាប់គ្រួសារកងទ័ពនៅតំបន់ជើងវត្តអង្គប្រីយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះតេជព្រះគុណ សែម សុភា បានមានសង្ឃដីកាបញ្ជាក់ពីទឹកព្រះទ័យយ៉ាងជ្រាលជ្រៅថា៖ «អាត្មាមិនអាចទៅជួយកាន់កាំភ្លើងជាមួយបងប្អូនកងទ័ពទេ តែអាត្មាអាចចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឧបត្ថម្ភគ្រួសារកងទ័ពតាមលទ្ធភាពបាន»។ សង្ឃដីកានេះបង្ហាញពីការរួមចំណែកយ៉ាងសំខាន់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ។

បើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្ទាល់ខ្លួន ព្រះតេជព្រះគុណ សែម សុភា បានឱ្យដឹងថា សម្ភារៈ និងថវិកាដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករចំនួន ១បាវ (ទម្ងន់ ៥០ គីឡូក្រាម), មីជាតិចំនួន ១កេះ, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, សារុងចំនួន ២, ក្រមាចំនួន ២ និង ថវិកាចំនួន ៥០,០០០ រៀល។

នៅក្នុងឱកាសដ៏វិសេសវិសាលនៃរដូវបុណ្យភ្ជុំបិណ្ឌនេះ ព្រះអង្គក៏បានឧទ្ទិស និងផ្ញើសារថ្លែងអំណរគុណដល់ញាតិញោម ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយគ្រប់ទិសទី ដែលបានចំណាយធនធានផ្ទាល់ខ្លួនចូលរួមជាសម្ភារៈ និងបច្ច័យ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នេះ សូមទទួលបាននូវចំណែកបុណ្យកុសលស្មើៗគ្នា៕