សេដ្ឋកិច្ចរបស់អ៊ុយក្រែន កាន់តែធ្លាក់ដុនដាបខ្លាំងឡើងដោយសារតែសង្គ្រាមបន្តអូសបន្លាយ

អន្តរជាតិ

ការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី បានបង្ខំឱ្យអាជីវកម្មអ៊ុយក្រែនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ រារាំងការនាំចេញ និងធ្វើឱ្យឱនភាពថវិការដ្ឋកាន់តែធ្ងន់ធ្ងរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុត។ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីបានធ្វើឱ្យរោងចក្រផលិតដែកថែប និងអណ្តូងរ៉ែដ៏ធំក្នុងក្រុងត្រូវបិទទ្វារ ដែលរុញច្រានសេដ្ឋកិច្ចក្នុងតំបន់ឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ។

អភិបាលក្រុង Kryvyi Rih លោក Oleksandr Vilkul បានថ្លែងថា ទីក្រុងឧស្សាហកម្មមួយនេះកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាបានថាមន្ទីរពេទ្យនៅតែបើកទ្វារ សាលារៀនមានអគ្គិសនីប្រើប្រាស់ និងរថយន្តក្រុងនៅតែអាចរត់បាន។ លោកបានបន្តថាស្ថានភាពនៅ Kryvyi Rih គឺអាក្រក់ជាងកន្លែងណាៗទាំងអស់ លើកលែងតែតំបន់សមរភូមិមុខ។

សម្ពាធហិរញ្ញវត្ថុលើទីក្រុងដែលមានប្រជាជន ៦០០ ០០០ នាក់មួយនេះ បានឆ្លុះបញ្ចាំងពីប្រឈមមុខដ៏ធំធេងរបស់អ៊ុយក្រែន ខណៈពេលដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងវិបត្តិថវិកាដ៏ធំបំផុត ចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងឆ្នាំ២០២២ មក។ កាលពីខែមុន រោងចក្រដែកថែប ArcelorMittal ដែលជាកន្លែងផ្តល់ការងារធំជាងគេក្នុងទីក្រុង ត្រូវផ្អាកប្រតិបត្តិការបន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។

ជុំវិញស្ថានភាពនេះកំពុងផ្តល់ផលប៉ះពាល់ដល់វិស័យដែកថែបទាំងមូលរបស់អ៊ុយក្រែន ដែលជាវិស័យធ្លាប់បានរួមចំណែកលើសពី ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមុនពេលមានជម្លោះ។ រោងចក្រធំៗនៅ Zaporizhzhia និងទីក្រុងឧស្សាហកម្មផ្សេងទៀតត្រូវស្ងាត់ជ្រងំ ហើយសកម្មភាពនាំចេញត្រូវបានគាំងជាប់។

លើសពីនេះ លោកស្រី Roksolana Pidlasa ប្រធានគណៈកម្មាធិការថវិការបស់សភាអ៊ុយក្រែន បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ អ៊ុយក្រែនបានបាត់បង់ចំណូលពន្ធលើសពី ៤៩,៩ពាន់លាន hryvnia (១,១ពាន់លានដុល្លារ) ដោយសារការវាយប្រហាររបស់រុស្ស៊ី។ ការវាយប្រហារទាំងនេះមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ និងទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ការដឹកជញ្ជូន បង្ខំឱ្យហាង និងអាជីវកម្មត្រូវបិទទ្វារជាច្រើនម៉ោង។ រដ្ឋាភិបាលអ៊ុយក្រែនប៉ាន់ប្រមាណថា នៅចុងឆ្នាំនេះ ប្រាក់ចំណូលដែលត្រូវបាត់បង់សរុបអាចកើនឡើងដល់ជាង ១,៥ពាន់លានដុល្លារ៕​