អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសពង្រីកបណ្តាញ៥Gជំនាន់ថ្មី ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យា Cloud ការធ្វើទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យឌីជីថល ព្រមទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន សែលកាត ចុះ MoU ជាមួយ Huawei លើទំហំទឹកប្រាក់ ៣០០លានដុល្លារអាម៉េរិក កាលពីពេលថ្មីៗនេះ។

នៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ាប្រធាន បានលើកឡើងថា លោកពិតជាមានមោទនភាពក្នុងការអបអរសាទរសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងឱកាសដែលក្រុមហ៊ុន សែលកាត ប្រារព្ធខួប៣០ឆ្នាំនៃការបម្រើអតិថិជននៅកម្ពុជា ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Huawei ដោយប្តេជ្ញាវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារអាម៉េរិក ដើម្បីចូលរួមកសាងអនាគតឌីជីថលរបស់កម្ពុជា។
អ្នកឧកញ៉ា បន្តបែបនេះថា៖ នៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខ្ញុំតែងតែជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់ធុរកិច្ចកម្ពុជាក្នុងការរីកចម្រើន ប្រកួតប្រជែងលើឆាកអន្តរជាតិ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ការវិនិយោគថ្មីនេះគឺជាការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងជាមួយក្រុមហ៊ុន Huawei ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ ហើយនឹងផ្តោតលើការពង្រីកបណ្តាញ៥Gជំនាន់ថ្មី ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យា Cloud ការធ្វើទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យឌីជីថល ព្រមទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស”។
រយៈពេលបីទសវត្សរ៍មកនេះ ក្រុមហ៊ុន សែលកាត បានវិនិយោគទឹកប្រាក់សរុបប្រមាណ ៥,៦ប៊ីលានដុល្លារអាម៉េរិកនៅកម្ពុជា ដោយបានចូលរួមតភ្ជាប់សហគមន៍ បង្កើតឱកាសការងារ គាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចក្នុងស្រុក និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
សម្រាប់អ្នកឧកញ៉ា សមិទ្ធផលដ៏សំខាន់នេះមិនមែនគ្រាន់តែជាការវិនិយោគលើបច្ចេកវិទ្យា ឬតួលេខទឹកប្រាក់វិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដែលបង្ហាញពីសមត្ថភាពរបស់ក្រុមហ៊ុនខ្មែរមួយ ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗ តាមរយៈចក្ខុវិស័យវែងឆ្ងាយ ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុន សែលកាត បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងធុរកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ តាមរយៈការនាំយកបច្ចេកវិទ្យាលំដាប់ពិភពលោក និងការបង្កើតឱកាសថ្មីៗជូនប្រជាជនកម្ពុជា។
“ខ្ញុំក៏សូមកោតសរសើរ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការពង្រឹងបរិយាកាសវិនិយោគនៅកម្ពុជា និងជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេសជាតិយើង។ ក្នុងឱកាសអបអរសាទរខួប៣០ឆ្នាំនេះ មហិច្ឆតា និងការប្តេជ្ញាចិត្តរបស់យើងនៅតែមិនផ្លាស់ប្តូរទ្បើយ គឺយើងបន្តវិនិយោគនៅកម្ពុជា ដោយបង្កើនសមត្ថភាព និងបង្កើតឱកាសដើម្បីប្រជាជនយើង ព្រមទាំងកសាងមូលដ្ឋានគ្រឹះឌីជីថលឱ្យកាន់តែរឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ”។ អ្នកឧកញ៉ា បានបន្ថែម។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ទៀតថា ឫសគល់ និងអត្តសញ្ញាណរបស់យើងជាខ្មែរ។ មហិច្ឆតារបស់យើងគឺឈានទៅកាន់ឆាកអន្តរជាតិ។ ការប្តេជ្ញាចិត្តរបស់យើងដើម្បីកម្ពុជា នៅតែមុតមាំឥតប្រែប្រួល។ មោទនភាពជាតិខ្មែរ៕







