មហាសេដ្ឋីមានដាច់គេលើលោក Elon Muskដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានថ្លែងនៅថ្ងៃ៧ តុលាថា ក្រុមហ៊ុនរបស់លោកនឹងសាងសង់ និងប្រតិបត្តិការរោងចក្រផលិតបន្ទះឈីប AI ឈ្មោះ Terafab ដោយផ្ទាល់ ហើយក្រុមហ៊ុន TSMC អាចត្រឹមតែជួលផ្នែកខ្លះនៃរោងចក្រនេះបន្តប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា Terafab គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុន Tesla និង SpaceX នៅក្នុងរដ្ឋ Texas ដែលមានគោលបំណងសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំសម្បើមមួយ សម្រាប់បន្ទះឈីបបញ្ញាសិប្បនិម្មិត AI។
យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងការបង្ហោះលើបណ្តាញសង្គម X ដែលបានលើកឡើងថា ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC អាចនឹងក្លាយជាម្ចាស់ និងជាអ្នកប្រតិបត្តិការរបស់រោងចក្រនេះ លោក Musk បានចេញមុខឆ្លើយតប ដោយបញ្ជាក់ថាក្រុមហ៊ុនរបស់លោកនឹងសាងសង់ និងប្រតិបត្តិការរោងចក្រនេះដោយខ្លួនសុទ្ធសាធ ខណៈ TSMC គ្រាន់តែជួយផ្នែកខ្លះប៉ុណ្ណោះ។
ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន លោក Musk បាននិយាយថា លោកមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលមួយចំនួនជាមួយ TSMC លើគម្រោងរោងចក្រ Terafab នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមនោះឡើយ៕

