សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនង មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។ សម្តេចតេជោ ថ្លែងដូច្នេះ កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងជំនួបរវាងសម្តេចជាមួយលោក ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។

នៅក្នុងជំនួបនោះ លោក ថងលី ស៊ីសូលីត បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃដំណើរទស្សនកិចរបស់លោកនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជួបជាមួយនឹងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ជាដើម ដែលបានជជែកពីការផ្លាស់ប្ដូរយោបល់គ្នាក្នុងការពង្រឹងនូវកិច្ចការរវាងយុវជននៃប្រទេសទាំងពីឱ្យកាន់តែផុសផុលបន្ថែមទៀត។លោក ចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ កាន់តែបន្តនូវកិច្ចការគ្រប់វិស័យទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយនិងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន។

សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើន ហើយនៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប៧០ឆ្នាំហើយដែរ។ សម្ដេចបានបញ្ជាក់ថាប្រទេសកម្ពុជា និងឡាវ មានទំនាក់ទំនង មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នាថែមទៀតផង។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក ថងលី ស៊ីសូលីត ខណៈសម្ដេចសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តនូវការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌនៃយុវជនទាំងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា តាមរយៈជំនួប លោក ថងលី ស៊ីសូលីត ក៏បានថ្លែងអរគុណចំពោះការចែករំលែកដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហើយលោកបានលើកឡើងថា វាជាកិត្តិយសបំផុតសម្រាប់លោក ដែលបានស្ដាប់នូវការចែករំលែកដ៏មានតម្លៃរបស់សម្ដេច លោកក៏បានលើកឡើងថា ដំបូន្មាន ពាក្យពេចន៍ដ៏មានតម្លៃរបស់សម្ដេចតេជោ នឹងក្លាយទៅជាមេរៀនមួយដ៏សំខាន់របស់ឯកឧត្តមនៅក្នុងការអនុវត្តក្នុងពេលខាងមុខ៕អត្ថបទ៖ហ្សាលីន


