ឧកញ៉ា គួច ផេង តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចប្រជុំអាហារពេលព្រឹកពិភាក្សាការងាររវាងរដ្ឋ និងផ្នែកឯកជន លើកទី៤ ក្រោមប្រធានបទ «កម្មវិធីកិច្ចសម្រួលបទប្បញ្ញត្តិរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា»

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Steigenberger Hotel Phnom Penh មានរៀបចំកិច្ចប្រជុំអាហារពេលព្រឹកពិភាក្សាការងាររវាងរដ្ឋ និងផ្នែកឯកជន លើកទី៤ ក្រោមប្រធានបទ «កម្មវិធីកិច្ចសម្រួលបទប្បញ្ញត្តិរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក និង សភាពាណិជ្ជកម្មអ៊ឺរ៉ុប» (CDC – EuroCham Regulatory Facilitation Program) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការ គ.ស.ឯ.រ.ជ ដោយមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ កម្មវិធីជំនួបអាហារពេលព្រឹកធុរកិច្ចលើកទី៤ នេះ មានការអញ្ជើញចូលរួមពី សំណាក់តំណាងក្រសួង ស្ថាប័នដែលជាសហប្រធានក្រុមការងារតាមវិស័យនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ព្រមទាំងតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍រួមមាន តំណាង ADB, World Bank, UN, GIZ ជាដើម, និងសភាពាណិជ្ជកម្មនៃប្រទេសចិន, សហភាពអឺរ៉ុប, ជប៉ុន, កូរ៉េ, និង សហរដ្ឋអាម៉េរិក សរុបប្រមាណ៩០រូប។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖

១. ពិភាក្សា និងផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់លើការកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ (Red Tape) និងការសម្រួលឯកសារធុរកិច្ច ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនភាពទាក់ទាញនៃការវិនិយោគ

២. ដោះស្រាយបញ្ហាប្រឈមចំពោះមុខលើប្រព័ន្ធឌីជីថលដែលនៅដាច់ដោយឡែកពីគ្នា និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) សម្រាប់ក្រុមហ៊ុនដែលអនុវត្តអនុលោមភាពត្រឹមត្រូវ

៣. ពង្រឹងទំនុកចិត្តវិនិយោគិន ត្រៀមលក្ខណៈសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងរៀបចំយន្តការសហការរវាងរដ្ឋ និងឯកជន ឆ្ពោះទៅកាន់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSDF) លើកទី២០។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការកែទម្រង់មុតស្រួចជាកញ្ចប់។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យផ្នែកឯកជន និងសភាពាណិជ្ជកម្មទាំងអស់ សហការរៀបចំទម្រង់ថ្មីសម្រាប់វេទិកា G-PSDF លើកទី២០ ដោយបង្វែរទិសដៅពីការលើកឡើងត្រឹមបញ្ហាប្រឈមដាច់ដោយឡែក មកជាការរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យដែលមានតម្លៃបន្ថែមខ្ពស់ (ដូចជា គ្រឿងអេឡិចត្រូនិច យានយន្ត និងកែច្នៃចំណីអាហារ) ដើម្បីជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។