តម្លៃប្រេងឆៅសកលបានធ្លាក់ចុះ ចំពេលមានការរំពឹងទុកថាការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ីនឹងមានការកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្អាកវាយប្រហារគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យទីផ្សារបានបង្ហាញថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៣% មកនៅត្រឹម ១០៣,៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៥% មកនៅត្រឹម ៩០ដុល្លារក្នុងមួយបារ៉ែល។
គួរជម្រាបជូនថា កាលពីថ្ងៃទី១១ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដោយមិនបានគ្រោងទុកជាមុនថា ទីក្រុងមូស្គូ និងទីក្រុងគៀវ បានព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានថ្លែងថា លោកកំពុងរង់ចាំមើលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ ខណៈពេលដែលភាគីរុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ៕

