ក្រសួងទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) បានឯកភាពព្រមព្រៀងគ្នា លើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា សំដៅជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ការព្រមព្រៀងនេះ បានធ្វើឡើងនាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងដោយទទួលបានការអនុញ្ញាតឱ្យលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារ និងការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Goydaniz Gahramanov ប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ដែលមានសមាជិកជាង៣០០ក្រុមហ៊ុនទេសចរណ៍នាំមុខ និងសហការីជាន់ខ្ពស់។

សូមជម្រាបដែរថា តាមរយៈកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រធានសមាគមទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ គឺភាគីទាំងពីរ បានព្រមព្រៀងលើការរៀបចំទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា (FAM Trip) និងការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ភា្ជប់ទំនាក់ទំនងជាមួយសមាគម និងប្រតិបត្តិករទេសចរណ៍កម្ពុជា។
ការព្រមព្រៀងនេះ គឺដើម្បីឱ្យសមាគមទេសចរណ៍ទេសចរណ៍នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានជួបពិភាក្សា ឈានដល់ការបង្កើតកញ្ចប់ទស្សនកិច្ចមកកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន



