ជប៉ុន ប្តេជ្ញាគាំទ្រផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលជប៉ុន តាមរយៈបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការប្តេជ្ញាថា បន្តគាំទ្រផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី«គម្រោងអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមាន លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ-ក្រុមហ៊ុនឯកជន ជាច្រើនរូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្ត គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ក៏ដូចជាប្រមូលព័ត៌មាន-ធាតុចូលសំខាន់ៗ ពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ផែនការមេនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមការវិវត្តន៍សង្គម-សេដ្ឋកិច្ចកម្ពុជាជាក់ស្តែងនាពេលបច្ចុប្បន្ននិងពេលអនាគត។

នាឱកាសនោះ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនកម្ពុជា បានធ្វើការបញ្ជាក់ពីការបេ្តជ្ញារបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារ JICA ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ផែនការមេនេះ តាមរយៈជំនាញការរបស់ជប៉ុនដែលពោពេញដោយជំនាញ សមត្ថភាព និងបទពិសោធន៍ខ្ពស់។

ជាមួយគ្នា លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល-ប្រជាជនជប៉ុន និងទីភ្នាក់ងារ JICA ដែលតែងតែបន្ដផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យដឹកជញ្ជូន-ឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហការនានាតាមការចាំបាច់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សារៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវនិងសម្រេចបានលទ្ធផលតាមការគ្រោងទុក។

គួររំលឹកផងដែរថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះគឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលក្នុងតំបន់ ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់បម្រើសេវាកំពង់ផែក្នុងតំបន់ និងលើសពីនេះទៅកាន់ពិភពលោក ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងលើសេវា និងតម្លៃដឹកជញ្ជូនឡូជីស្ទីក និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ហ្សាលីន