សមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ៤៩ថ្ងៃ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមជាច្រើនរូប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ៤៩ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំនៅវត្តលង្កាកុសុមារាម សង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏សោកសង្រេងនេះ លោកអ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូសមាគម បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយ ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ដែលជាការបាត់បង់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន។

ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ ត្រូវបានក្រុមគ្រួសារ និងញាតិមិត្តគោរពរាប់អាន ក្នុងនាមជាមេគ្រួសារដ៏ឧត្តុង្គឧត្តម ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាពេញមួយជីវិត ក្នុងការបំពេញតួនាទីប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ ជាគំរូដ៏ល្អប្រពៃសម្រាប់កូនចៅ និងអ្នកជុំវិញខ្លួន។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សមាគមឧកញ៉ាកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សូមប្រោសប្រទានដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។