កាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា តែ អ៊ីឆែ និងឧកញ៉ា ស៊ន សុទ្ធី បានចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត។
អ្នកឧកញ៉ាអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីលោកអ្នកឧកញ៉ាប្រធាន ជូនចំពោះវីរភាពកងទ័ពដែលពោរពេញដោយឆន្ទៈដ៏មោះមុតក្លាហានក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ព្រមទាំងបាននាំយកនូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួសផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។ អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ក៏បានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ៗរូប ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើសាមគ្គីភាពជាធ្លុងមួយយកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់អាណិតអាសូរ។
សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗ ជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕












