អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះមកពិនិត្យមើលការងារមួយចំនួន ដើម្បីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ បន្ថែមទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ដែលកំពុងមានកំណើនកើនឡើងជាបន្តបន្ទាប់។

នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពភ្ជាប់ជាមួយសារបែបនេះថា៖ “នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ដឹកនាំក្រុមការងារបច្ចេកទេសសំណង់ និងកសិកម្ម គ្រឿងចក្រ ចុះមកពិនិត្យមើលការងារមួយចំនួន ដើម្បីអភិវឌ្ឍន៍តំបន់នេះបន្ថែមទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចេះតែមានកំណើនកើនឡើងជាបន្តបន្ទាប់”។
អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមថា ដោយសារតែមានការព្រួយបារម្ភ ពីកង្វះទឹកប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ លោកបានសម្រេចចិត្តអោយក្រុមការងារគ្រឿងចក្រ ចូលជិកស្រះថ្មីមួយទៀតក្នុងរយៈពេល១សប្ដាហ៍ ដែលមានបណ្តោយ 50m x80m ជម្រៅ៨ម៉ែត្រ នៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ គឺជាគម្រោងទេសចរណ៍ និងកសិកម្មខ្នាតធំបង្កើតឡើងដោយ អ្នកឧកញ៉ា ម៉ុង ឫទ្ធី លើផ្ទៃដី ៥០០ហិកតា។ តំបន់កសិទេសចរណ៍នេះ មានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នតំបន់នេះ ជាកន្លែងកម្សាន្ត លំហែរកាយ និងជាមជ្ឈមណ្ឌលសិក្សាស្វែងយល់អំពីបច្ចេកទេសដាំដុះ ការចិញ្ចឹមសត្វ និងការធានាសុវត្ថិភាពម្ហូបអាហារផងដែរ៕







