អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានជួយសាងសង់បង់អង្គុយ ចំនួន ២០បង់ បង្គន់អនាម័យ និងបានផ្តល់ប្រាក់ខែដល់បុគ្គលិកអនាម័យ អស់រយៈពេលជាង១០ឆ្នាំ សម្រាប់បងប្អូនប្រជាពលរដ្ឋនាំកូនចៅមកអង្គុយរង់ចាំទទួលសេវាកម្មព្យាបាល នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា វេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបានដឹកនាំក្រុមការងារចុះមកពិនិត្យមើលក្រុមជាងជួសជុលឡើងវិញ នូវបង់សម្រាប់ឱ្យប្រជាជនមកអង្គុយរង់ចាំទទួលសេវាកម្មព្យាបាល នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា ចំនួន២០បង់។
អ្នកឧកញ៉ា បានរំឭកឱ្យដឹងថា ក្រោយពីទទួលបានការឯកភាពពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចហើយ រូបលោកព្រមទាំងសប្បុរសជនមួយចំនួនបាននាំគ្នាសាងសង់បង់អង្គុយនេះ កាលពីឆ្នាំ២០១៥យកមករៀបចំដាក់ជូនប្រជាជន ដែលបាននាំកូនចៅមកអង្គុយរង់ចាំទទួលសេវាកម្មព្យាបាល នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា។ ដោយសង្កេតឃើញថានៅទីនោះ គ្មានបន្ទប់ទឹកបង្គន់អនាម័យ លោកក៏បានសាងសង់បង្គន់អនាម័យស្រីមួយ ប្រុសមួយ ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈដោយឥតគិតថ្លៃ ព្រមទាំងបានចំណាយទៅលើការថែទាំជួសជុល និងប្រាក់ខែកម្មករសំអាតអនាម័យ អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។
អ្នកឧកញ៉ាសមាជិកព្រឹទ្ធសភា បានបន្តថា រយៈពេលជាង១០ឆ្នាំបានកន្លងផុតទៅហើយ កៅអីអង្គុយនេះនៅហាលភ្លៀង ហាលខ្យល់ បណ្តាលឱ្យមានការខូចខាតអស់មួយចំនួន តម្រូវឱ្យជួសជុលកែលម្អរឡើងវិញ។ ដូច្នេះហើយបានជាលោកសម្រេចចិត្តឱ្យក្រុមជាងនាំគ្នាមកជួសជុល ចំណែកឯបន្ទប់ទឹកបង្គន់អនាម័យក៏មានការខូចខាតបាក់បែកផងដែរ ។
ក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា ក៏មានសប្បុរសជនជាច្រើននាក់បានចូលរួមបរិច្ចាគផ្លែឈើជាច្រើនប្រភេទ ដូចជាលោកស្រី ណុប ស្រីឡាង ហាងចំការខ្មែរ ផ្លែទន្ទាប់ចំនួន១០០កេសស្មើនឹង ១,០០០គីឡូក្រាម, លោកស្រី ណាវី អ្នកផលិតបាយក្តាំងបានចូលរួម១០០កញ្ចប់, លោក សេង ហាក់ អ្នកបោះដុំផ្លែឈើ ផ្លែទន្លាប់ ៥០កេសស្មើនឹង ៥០០គីឡូក្រាម, លោកស្រី គឹម ហ័រ ផ្លែស្ត្រូប៊រី ៣០កេសស្មើនឹង៣០០ប្រអប់ ផ្លែក្រូច ៣៥កេសស្មើនឹង ៤៥០គីឡូក្រាម សម្រាប់យកមកចែកជូនប្រជាជន ព្រមទាំងបានជូនដល់បុគ្គលិក និងលោកវេជ្ជបណ្ឌិត ដែលជាអ្នកបំពេញការងារនៅក្នុងមន្ទីរពេទ្យនេះផងដែរ៕








