ប្រតិភូកម្ពុជា ដកស្រង់បទពិសោធន៍ពីអូស្រ្តាលី លើការអនុវត្តប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ

សង្គម​ និង​សេដ្ឋកិច្ច

ប្រតូកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកម្មវិធីវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ Adelaide នាប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងការវិនិយោគសាធារណៈ, និងការគ្រប់គ្រងមូលបត្រនិងបំណុលរដ្ឋរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី សំដៅមកអនុវត្តន៍នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សានេះ បានធ្វើឡើងចាប់ពីថ្ងៃទី១២-១៦ ខែតុលា ឆ្នាំ២០២៦ នេះ ដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញបច្ចេកទេស ពីក្រសួង-ស្ថាប័នគន្លឹះពាក់ព័ន្ធ។

កម្មវិធី និងដំណើរទស្សនកិច្ចនេះ រៀបចំឡើងគឺដើម្បីស្វែងយល់បន្ថែមអំពីឧត្តមានុវត្តន៍ជាអន្តរជាតិ-ចំណេះដឹង និងការដកស្រង់បទពិសោធន៍របស់រដ្ឋបាលនៃប្រទេសអូស្រ្តាលី លើការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ (ការលើកផែនការគម្រោង, ការបែកចែកថវិកា និងការអនុវត្តគម្រោងហេរដ្ឋារចនាសម្ព័ន្ធ) ការបោះផ្សាយមូលបត្ររដ្ឋ មូលបត្របៃតង និងការគ្រប់គ្រងបំណុលសាធារណៈជាដើម។

សូមជម្រាបដែរថា នៅក្នុងដំណើរបេសកកម្មខាងលើនេះ គណៈប្រតិភូកម្ពុជា ក៏បានទៅទស្សនកិច្ចសិក្សានៅសាលាក្រុង Mitcham និងអាជ្ញាធរផ្តល់ហិរញ្ញប្បទាន South Australian Financing Authority “FASA” ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍នៃការអនុវត្តជាក់ស្តែងផងដែរ៕អត្ថបទ៖ហ្សាលីន