យោងតាមរបាយការណ៍របស់សារព័ត៌មាន Washington Post បានបង្ហាញឲ្យដឹងនៅថ្ងៃទី១៥ តុលាថា ក្រុមហ៊ុន Nvidia និង Apple បានសន្យាផ្ដល់ថវិកាម្នាក់ៗចំនួន ២៥លានដុល្លារ សម្រាប់គម្រោងសាងសង់សាលរាំរែក (ballroom) នៅសេតវិមាន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើឱ្យទឹកប្រាក់បរិច្ចាគឯកជនសរុបសម្រាប់គម្រោងនេះកើនឡើងដល់ ៣៣៣លានដុល្លារ។

របាយការណ៍ដដែលនេះបានបន្ថែមទៀតថា គ្រួសារ Adelson ដែលជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុយូរឆ្នាំរបស់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ ក៏បានសន្យាផ្ដល់ថវិកាចំនួន ២៥លានដុល្លារផងដែរ ព្រមទាំងមហាសេដ្ឋី Charles Ergen ដែលជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុនទូរគមនាគមន៍ Dish Network។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia បានប្រកាសថា ខ្លួនមានមោទនភាពក្នុងការបរិច្ចាគដល់មូលនិធិនេះដែលបម្រើជាផលប្រយោជន៍ដល់ប្រជាជនអាមេរិក។ ចំណែកឯខាងក្រុមហ៊ុន Apple វិញ បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយនៅឡើយនោះទេ។
គួរជម្រាបជូនថា ទំហំនៃគម្រោងសាលរាំរែកនេះ ក៏ដូចជាការគ្រប់គ្រងរបស់រដ្ឋបាលលើការរៃអង្គាសថវិកា និងការបង្ហាញព័ត៌មាន បានទាក់ទាញការរិះគន់ពីក្រុមអ្នកសង្កេតការណ៍ និងអ្នកជំនាញផ្នែកច្បាប់ ដោយពួកគេបានលើកឡើងថា វាបង្កើនសំណួរអំពីតម្លាភាព ឥទ្ធិពលរបស់អ្នកបរិច្ចាគ និងការប្រកាន់ខ្ជាប់នូវបទដ្ឋានសីលធម៌ និងការត្រួតពិនិត្យដែលមានស្រាប់ជាដើម៕

