ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាការយកប្រេងពីអ៊ីរ៉ង់ គឺជាអ្វីដែលលោកចង់បានបំផុត ដោយបន្ថែមទៀតថាសហរដ្ឋអាមេរិកអាចដណ្តើមយកដែនកោះ Kharg ដ៏សំខាន់បានយ៉ាងងាយស្រួល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយនៅក្នុងការសម្ភាសមួយកាលពីថ្ងៃទី២៩ ខែមីនាថា៖” និយាយឲ្យត្រង់ទៅ ជម្រើសដែលខ្ញុំចូលចិត្តគឺការយកប្រេងពីអ៊ីរ៉ង់។ ប៉ុន្តែមានមនុស្សល្ងង់មួយចំនួននៅអាមេរិកបាននិយាយថាហេតុបានត្រូវធ្វើអញ្ចឹង? ពួកគេពិតជាល្ងង់ណាស់”។
មិនតែប៉ុណ្ណោះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំទៀតថា តើសហរដ្ឋអាមេរិកមានគោណបំណងគ្រប់គ្រងការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ដែរឬទេ លោក ត្រាំ បានបញ្ជាក់វិញថាជាបញ្ហាមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែពិចារណាហើយ។
យ៉ាងណាមិញ លោក ត្រាំ បានអះអាងថាសហរដ្ឋអាមេរិក យកប្រេងអ៊ីរ៉ង់ គឺស្រដៀងគ្នាទៅនឹងករណីរបស់ប្រទេសវេណេស៊ុយអេឡាដែរ។ កន្លងមកមន្ត្រីអាមេរិក បានប្រកាសពីចេតនារបស់ពួកគេក្នុងការគ្រប់គ្រងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសវេណេស៊ុយអេឡា ដោយគ្មានកំណត់ បន្ទាប់ពីការវាយឆ្មក់ដែលបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro នៅថ្ងៃទី៣ ខែមករាមក។
ជម្រាបជូនផងដែរថា ដើម្បីអាចគ្រប់គ្រងការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់បាន សហរដ្ឋអាមេរិកទំនងជាត្រូវវាយដណ្តើមយកកោះ Kharg ក្នុងឈូងសមុទ្រពែរ្ស ដែលត្រូវបានចាត់ទុកថាជាច្រកទ្វារសម្រាប់ការនាំចេញប្រេង និងឧស្ម័នរបស់តំបន់។ កោះនេះ ដែលមានផ្ទៃដី ២០ គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ និងជាង ៤៨០ គីឡូម៉ែត្រពីច្រកសមុទ្រ Hormuz៕

