ក្រុមហ៊ុនសំកង់ឡានខ្មែរម៉ាក Sailun នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានបង្ហើបឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ Sailun នាំសំបកកង់ចេញទៅក្រៅប្រទេសជិត ១៤លានគ្រាប់ និងចែកចាយក្នុងប្រទេសជាង ៤០ម៉ឺនគ្រាប់ ដែលស្មើប្រហែលប្រមាណ ៤០% នៃទីផ្សារប្រទេសកម្ពុជា។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះ ក្រុមហ៊ុនបានគូសបញ្ជាក់បែបនេះថា៖ “រយៈពេល៦ខែ ឆ្នាំ២០២៦ Sailun នាំសំបកកង់ចេញទៅក្រៅប្រទេសចំនួនជិត ១៤លានគ្រាប់ និងចែកចាយក្នុងប្រទេសកម្ពុជា ចំនួនជាង ៤០០,០០០គ្រាប់ ដែលប្រហាក់ប្រហែលនឹង ៤០ភាគរយនៃទីផ្សារប្រទេសកម្ពុជាទាំងមូល”។
ទទឹមនឹងសមិទ្ធផលដ៏ធំធេងនេះ លោក គឹន ឧត្តមមុនី ស៊ីណាត អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) បានបន្ថែមថា កម្ពុជាមានសមត្ថភាពផលិត និងនាំចេញដ៏អស្ចារ្យលើវិស័យសំបកកង់ឡានម៉ាក Sailun។
សូមជម្រាបថា ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។







