អាណាចក្រជំនួញរបស់មហាសេដ្ឋីមានបំផុតនៅហុងកុង លោក Li Ka-shing កំពុងពង្រីកចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យប្រេងឥន្ធនៈ បើទោះបីជាអាជីវកម្មសកលកំពុងផ្លាស់ប្តូរទៅរកថាមពលស្អាត និងបញ្ញាសិប្បនិម្មិត AI ក៏ដោយ។

ក្រុមហ៊ុនផលិតប្រេងកាណាដា Cenovus Energy ដែលមានភាគហ៊ុនរួមគ្នាប្រហែល ២៩% ជាមួយក្រុមហ៊ុន CK Hutchison Holdings របស់លោក Li នោះ បានយល់ព្រមតាំងពីដើមខែនេះក្នុងការទិញយកក្រុមហ៊ុនកាណាដាដូចគ្នា គឺ Athabasca Oil ក្នុងតម្លៃ ៥,៧ពាន់លានដុល្លារកាណាដា (ឬស្មើនឹង ៤ពាន់លានដុល្លារអាមេរិក) មកគ្រប់គ្រង។
ជុំវិញកិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីការទិញយកក្រុមហ៊ុនប្រេងកាណាដា MEG Engergy ផងដែរ ក្នុងតម្លៃ ៨,៦ពាន់លានដុល្លារកាណាដារបស់ក្រុមហ៊ុន Cenovus ដែលកាន់កាប់ដោយលោក Li ផងដែរ។
យ៉ាងណាមិញ ការទិញយកក្រុមហ៊ុន Athabasca ត្រូវបានគេមើលឃើញថានឹងបង្កើតឱ្យមានប្រសិទ្ធភាពរួម នៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសកាណាដា ដែលជាទីកន្លែងដែលគ្រួសារត្រកូល Li បានធ្វើប្រតិបត្តិការអស់រយៈពេលជាច្រើនទសវត្សមកហើយ។
គួរឲ្យដឹងថា ការសម្រេចចិត្តវិនិយោគរបស់លោក Li Ka-shing លើវិស័យប្រេងនេះ ទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារតែវាផ្ទុយពីនិន្នាការវិនិយោគសកល ដែលកំពុងងាកទៅរកថាមពលស្អាត។ បើតាទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) បានព្យាករថា ការវិនិយោគលើថាមពលស្អាតនឹងមានចំនួន ២,២ទ្រីលានដុល្លារនៅឆ្នាំនេះ ដែលច្រើនជាងជិតពីរដងនៃទឹកប្រាក់ ១,២ទ្រីលានដុល្លារ ដែលត្រូវបានរំពឹងថានឹងហូរចូលទៅក្នុងវិស័យឥន្ធនៈហ្វូស៊ីល។
ជម្រាបជូនថា យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Li មានចំនួន ៤៨,៤ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅហុងកុង និងជាអ្នកមានបំផុតលំដាប់ទី៣៨ នៅលើពិភពលោក៕

