ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃ១៩ ខែតុលាថា លោកបានបើកចំហចំពោះលទ្ធភាពក្នុងការចរចាត្រីភាគីជាមួយមេដឹកនាំចិន និងរុស្ស៊ី នៅដើមខែក្រោយនេះ ដែលការណ៍នេះបានបង្កើននូវការរំពឹងទុកអំពីកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក និងជាជំហានដ៏ធំមួយផ្នែកការទូតសម្រាប់ប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា៖ “យើងនឹងធ្វើវាដើម្បីនិយាយអំពីអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរ។ ប្រសិនបើប្រធានាធិបតី លោក ស៊ី ចង់ធ្វើវា ខ្ញុំក៏នឹងធ្វើវាដែរ។ ខ្ញុំប្រាកដថាយើងនឹងនិយាយអំពីបញ្ហាផ្សេងៗទៀតដូចជាពាណិជ្ជកម្មផងដែរ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំត្រីភាគីនេះ ក៏អាចនឹងបង្កើនការព្រួយបារម្ភពីអឺរ៉ុបដល់អាស៊ីជុំវិញកិច្ចព្រមព្រៀងសម្ងាត់ដែលធ្វើឱ្យសម្ព័ន្ធភាពអាត្លង់ទិក និងឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោនចុះខ្សោយ។ ប៉ុន្តែ កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីក៏អាចកាត់បន្ថយភាពតានតឹងជាសកលបានផងដែរ។
ទន្ទឹមនឹងនេះ ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចដោះស្រាយការគំរាមកំហែងដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សចំពោះសន្តិសុខអឺរ៉ុប ហើយកិច្ចព្រមព្រៀងស្តីពីអាវុធនឹងចងប្រទេសទាំងបីដែលមានឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរធំជាងគេចូលគ្នា។
គួរជម្រាបជូនថា ជុំវិញការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីបុគ្គលដែលដឹកងពីបញ្ហានេះថា លោក ពូទីន បានលើកឡើងពីការប្រើប្រាស់កិច្ចប្រជុំបែបត្រីភាគីអាមេរិក ចិន និងរុស្ស៊ី ដើម្បីចរចាបញ្ចប់ជម្លោះអ៊ុយក្រែនរយៈពេលបួនឆ្នាំក្នុងលក្ខណៈមួយដែលផ្តល់ផលប្រយោជន៍ដល់ទីក្រុងមូស្គូ។ ការស្នើរបស់លោក ពូទីន បានកើតឡើងក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែតុលា ជាមួយលោក ត្រាំ ដែលបានផ្តល់នូវកិច្ចព្រមព្រៀងលើប្រេងម៉ាស៊ូតរុស្ស៊ី៕

