មហាសេដ្ឋី Elon Musk គ្រោងចែកភាគហ៊ុនរបស់ SpaceX ជូនដល់កុមារអាមេរិកគ្រប់រូប

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk បានប្រកាសនៅលើបណ្តាញសង្គម X របស់ខ្លួន កាលពីថ្ងៃទី១៩ ខែតុលាថា លោកគ្រោងនឹងផ្តល់ជូនភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX ចំនួន ១ ហ៊ុន ជូនដល់កុមារគ្រប់រូបដែលមានអាយុក្រោម ១៨ឆ្នាំ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ប្រសិនបើគម្រោងនេះប្រព្រឹត្តទៅតាមផែនការ នោះតម្លៃសរុបនៃការផ្តល់ជូនភាគហ៊ុននេះ អាចមានចំនួនប្រមាណ ១០,៧ពាន់លានដុុល្លារ ដោយផ្អែកលើតម្លៃភាគហ៊ុនប្រហែល ១៤៦ដុល្លារក្នុងមួយហ៊ុន និងចំនួនកុមារអាមេរិកប្រមាណ ៧៣ លាននាក់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មានលម្អិតមួយចំនួនដូចជា លក្ខខណ្ឌនៃការទទួល វិធីសាស្ត្រផ្ទេរភាគហ៊ុន និងការកំណត់សិទ្ធិកុមារ គឺនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ដោយនេះទើបតែជាការប្រកាសផែនការបឋមប៉ុណ្ណោះ។

លើសពីនេះ លោក Musk ក៏បានបញ្ជាក់ផងដែរថា ភាគហ៊ុនដែលត្រូវយកមកចែកជូននេះ គឺចេញពីភាគហ៊ុនផ្ទាល់ខ្លួនរបស់លោកផ្ទាល់ (ដែលបច្ចុប្បន្នលោកកាន់កាប់ភាគហ៊ុនស្ទើរតែពាក់កណ្តាល ឬប្រមាណ ៤៨% ទៅ ៤៩% នៃក្រុមហ៊ុន SpaceX ទាំងមូល ដែលមានចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ)។

ជម្រាបជូនទៀតផងដែរថា យោងតាមសារព័ត៌មានមួយចំនួនបានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ Trump Accounts (ដែលជាគម្រោងគំនិតផ្តួចផ្តើមផ្នែកគណនីវិនិយោគសម្រាប់កុមាររបស់រដ្ឋបាលអាមេរិក ជាមួយនឹងថវិកាជំនួយដំបូងរបស់រដ្ឋ) ដើម្បីសម្រួលដល់ការដាក់បញ្ជូន ឬរក្សាទុកភាគហ៊ុនទាំងនោះឱ្យកុមារ ព្រោះវាជាមធ្យោបាយផ្លូវការស្របច្បាប់ស្រាប់សម្រាប់កុមារក្នុងការកាន់កាប់ទ្រព្យសកម្ម ឬភាគហ៊ុន។ តែទោះជាយ៉ាងណា លោក Musk ផ្ទាល់មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា តើនឹងត្រូវប្រើប្រាស់ប្រព័ន្ធនេះ ឬបង្កើតច្រកផ្លូវថ្មីដាច់ដោយឡែកនោះ៕​