របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានប្រកាសអបអរសាទរដល់ប្រទេសកម្ពុជា ដែលការនាំចេញអង្ករបានកើនឡើងលើសពី ១ លានតោនលើកទីមួយ! លោកលើកឡើងថា ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់អង្ករកម្ពុជា បើគិតត្រឹមថ្ងៃទី ១៩ ខែតុលា មានទំហំ ១៩.៥% នៃការនាំចេញសរុប។
បើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។

គួរឱ្យដឹងថា ការនាំចេញអង្ករចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ មានកំណើនយ៉ាងលេចធ្លោ ដោយកាលពីឆ្នាំ២០២៥ ការនាំចេញមានចំនួន ៩៤០,០០០តោន ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ ត្រឹមរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលាប៉ុណ្ណោះ កម្ពុជាបានស្ទុះហក់ឡើងរហូតដល់លើស ១លានតោន ជាលើកដំបូង។
សមិទ្ធផលត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជាកសិករ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាព និងការពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ៕


