ប្រទេសមហាអំណាចអឺរ៉ុបទាំង៤ ត្រៀនខ្លួនរួចជាស្រេចដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់

អន្តរជាតិ

ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអ៊ីតាលី ថ្មីៗនេះ បានបង្ហាញពីភាពត្រៀមខ្លួនរួចជាស្រេចរបស់ពួកគេ ក្នុងការលើកលែងទណ្ឌកមុ្មប្រឆាំងទៅលើអ៊ីរ៉ង់ និងដើម្បីជាការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសមហាអំណាចអឺរ៉ុបទាំងបួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃទី១៤ ខែមិថុនាថា ៖”យើងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីលើកលែងទណ្ឌកម្មដែលពាក់ព័ន្ធ ដើម្បីជាការឆ្លើយតបទៅនឹងជំហានច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បានពីអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងដៃគូក្នុងតំបន់របស់យើង ដើម្បីចាប់យកពេលវេលានេះ រក្សាសន្ទុះនៃការសន្ទនា និងធ្វើការឆ្ពោះទៅរកដំណោះស្រាយការទូតដ៏យូរអង្វែង”។

គួរឲ្យដឹងថា ជុំវិញសកម្មភាពនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ដោយបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ។ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារនេះ នៅប្រទេសស្វីសនៅថ្ងៃទី១៩ ខែមិថុនាខាងមុខ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍រួមពីប្រទេសអឺរ៉ុបធំៗទាំងបួននេះ ក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់មិនត្រូវអនុញ្ញាតឱ្យមានការសាយភាយនៃអាវុធនុយក្លេអ៊ែរនោះឡើយ។ ឯកសារនេះបានបញ្ជាក់ទៀតថា ៖”យើងត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីសម្រេចគោលដៅនោះ”៕​