ម៉ាឡេស៊ី ដាក់គោលដៅទាក់ទាញនិស្សិតបរទេសចំនួន ២៥ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី មានគោលដៅទាក់ទាញនិស្សិតអន្តរជាតិឱ្យបានប្រហែល ២៥០ ០០០ នាក់ត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រីកភាពចម្រុះនៃប្រទេសកំណើតរបស់និស្សិតទាំងនោះ ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាគោលដៅដ៏ពេញនិយមសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោក Zambry Abd Kadir បានប្រាប់អ្នកសារព័ត៌មានក្រោយពិធីបិទកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងអន្តរជាតិសម្រាប់អនាគត ឆ្នាំ២០២៦ (iFuture 2026) ថា បច្ចុប្បន្ននេះ មាននិស្សិតអន្តរជាតិប្រមាណ ១៧០ ០០០ នាក់ មកពី ១៨០ ប្រទេស កំពុងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានបន្ថែមទៀតថា វត្តមានរបស់ពួកគេបានជួយលើកកម្ពស់ភាពទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាគោលដៅដ៏ល្អប្រសើរសម្រាប់ការសិក្សា។

គួរឲ្យដឹងថា និស្សិតអន្តរជាតិទាំងនេះ ត្រូវបានគេប៉ាន់ប្រមាណថាបានរួមចំណែកយ៉ាងហោចណាស់ ១៦ពាន់លានរីងហ្គ ឬប្រហែល ៣,៩២ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដើម្បីតាមដានលទ្ធផលការងាររបស់និស្សិតក្រោយពេលបញ្ចប់ការសិក្សា លោក Zambry បាននិយាយថា ក្រសួងឧត្តមសិក្សាកំពុងប្រើប្រាស់ប្រព័ន្ធ MyMOHES ដើម្បីតាមដានការស្វែងរកការងារ និងការអភិវឌ្ឍអាជីពរបស់ពួកគេក្នុងរយៈពេល ៣ឆ្នាំ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យក្រសួងពិនិត្យឡើងវិញជាប្រចាំនូវស្ថានភាពការងាររបស់និស្សិតបញ្ចប់ការសិក្សា បន្ទាប់ពីពួកគេចាកចេញពីសាកលវិទ្យាល័យ៕​