ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកពន្ធគយចំនួន ៥០% លើផលិតផលកសិកម្ម និងព្រៃឈើរបស់កាណាដាវិញ ដើម្បីទទួលបានអត្ថប្រយោជន៍នយោបាយមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់ ប៉ុន្តែយ៉ាងណាលោកក៏បានដំឡើងពន្ធលើទំនិញផ្សេងៗទៀតជំនួសវិញផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញបទបញ្ជាការប្រតិបត្តិដែលត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃទី២៣ ខែតុលា បានលើកលែងពន្ធលើបន្ទះឈើក្រាស់ (plywood) ផលិតផលក្រដាសមួយចំនួន គ្រឿងម៉ាស៊ីន និងបរិក្ខារទូរទឹកកក ប្រអប់និងសម្ភារវេចខ្ចប់ ក៏ដូចជាសារាយសមុទ្រស្រស់ និងក្រៀមផងដែរ។
វិធានការចុងក្រោយនេះផងដែរ ត្រូវបានគេយល់ថា មានគោលដៅទទួលបានផលចំណេញផ្នែកនយោបាយក្នុងការប្រកួតប្រជែងរក្សាការគ្រប់គ្រងលើសភាទាំងពីរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
ប៉ុន្តែជាមួយគ្នានោះ ដើម្បីទូទាត់សងចំពោះការកាត់បន្ថយពន្ធនេះ លោក ត្រាំ ក៏បានបន្ថែមផលិតផលកាណាដាមួយចំនួនទៀតចូលក្នុងបញ្ជីពន្ធ ៥០% ដូចជា កម្រាលព្រំ ថ្នាំលាប សម្រាម សាប៊ូ ម្សៅកាកាវ មឈូសឈើ ឈើការ៉េម ម៉ាស៊ីនត្រជាក់ ទូរទឹកកកផ្តេក សម្ភារបាញ់ធ្នู និងទូកកាណូដើម។
គួរជម្រាបជូនថា នៅក្នុងខែសីហា បន្ទាប់ពីការចរចាទ្វេភាគីបានបរាជ័យ លោក ត្រាំ បានសម្រេចដាក់ពន្ធចំនួន ៥០% លើទំនិញនាំចូលពីប្រទេសជិតខាងមួយនេះដែលមានតម្លៃ ២០ពាន់លានដុល្លារ។ ជាការឆ្លើយតប ប្រទេសកាណាដាបានដាក់ពន្ធចន្លោះពី ១៥% ទៅ ៥០% លើទំនិញរបស់សហរដ្ឋអាមេរិកវិញផងដែរ ដែលមានតម្លៃ ២០ពាន់លានដុល្លារដូចគ្នា៕

