មហាសេដ្ឋី Elon Musk ចេញមុខទទួលស្គាល់ថាបានរឹតបន្តឹងលើការគ្រប់គ្រងប្រព័ន្ធ Starlink នៅអ៊ុយក្រែនមែន

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានបញ្ជាក់ថា ក្រុមហ៊ុន SpaceX របស់លោកបានដាក់កំហិតលើសេវា Starlink ក្នុងប្រទេសអ៊ុយក្រែនពិតមែន ដោយសារតែទីក្រុងគៀវ បានរំលោភលើលក្ខខណ្ឌសេវាកម្មនៃប្រព័ន្ធអ៊ីនធឺណិតផ្កាយរណបរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៤ ខែតុលាថា៖ “ការប្រើប្រាស់ Starlink ដែលជាសេវាកម្មអ៊ីនធើណិតពាណិជ្ជកម្មស៊ីវិល ដើម្បីធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) ក្នុងគោលបំណងសម្លាប់មនុស្ស គឺត្រូវបានហាមឃាត់។ កងទ័ពអ៊ុយក្រែនបានរំលោភលើលក្ខខណ្ឌសេវាកម្មរបស់ Starlink ដោយប្រើប្រាស់សេវាកម្មនេះដើម្បីធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងគោលបំណងសម្លាប់អ្នកដទៃ”។

យ៉ាងណាមិញ​នេះ គឺជាលើកដំបូងហើយដែលលោក Musk បានចេញមុខទទួលស្គាល់ជាសាធារណៈអំពីការបញ្ជាឱ្យរឹតបន្តឹងសេវា Starlink សម្រាប់ប្រទេសអ៊ុយក្រែនបែបនេះ។

Starlink គឺជាបណ្តាញអ៊ីនធឺណិតផ្កាយរណបស៊ីវិលមួយ ដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់លោក Musk។ ក្រុមហ៊ុន SpaceX ក៏មានកំណែមួយហៅថា Starshield ដែលប្រើប្រាស់មូលដ្ឋានគ្រឹះរបស់ Starlink និងត្រូវបានអភិវឌ្ឍទៅជាប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់ផ្នែកយោធា ដោយបម្រើឱ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏ដូចជាកងទ័ពអ៊ុយក្រែនផងដែរ។

គួរជម្រាបជូនថា ចាប់តាំងពីយប់ថ្ងៃទី១៣ ខែតុលាមក ស្ថានីយ Starlink និង Starshield ក្នុងប្រទេសអ៊ុយក្រែនបានឈប់ដំណើរការ នៅពេលដែលយន្តហោះគ្មានមនុស្សបើកធ្វើដំណើរក្នុងល្បឿនលើសពី ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានពិពណ៌នាស្ថានភាពនេះថា «គួរឱ្យរំខាន និងមានគ្រោះថ្នាក់ខ្លាំងណាស់» ដោយបានជំរុញឱ្យសហរដ្ឋអាមេរិកដកចេញជាបន្ទាន់នូវការរឹតបន្តឹងលើសេវាកម្មទាំងនេះ៕​