អភិបាលខេត្តបាត់ដំបង ស្នើហ្វីលីពីនជួយជំរុញវិនិយោគិនមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើ៝ឯកអគ្គរដ្ឋទូតហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យវិនិយោគិន ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ លូ បានស្នើទៅកាន់ភាគីហ្វីលីពីនបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើ ម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោក សុខ លូ បានជម្រាបជូនប្រតិភូហ្វីលីពីនអំពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
លោក បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ ក្នុងន័យនេះ លោកក៏បានស្នើភាគីហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យវិនិយោគិន ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ។

លោកអភិបាលសង្កត់ធ្ងន់ថា អង្កររបស់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកជាបន្តបន្ទាប់ គឺជាអង្ករដែលផលិតនៅក្នុងខេត្តបាត់ដំបង។ លោកក៏ជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង ឬខេត្តណាមួយនៃប្រទេសហ្វីលីពីន ជាមួយខេត្តបាត់ដំបងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកអភិបាលក៏បានបញ្ជាក់ប្រាប់ប្រតិភូហ្វីលីពីនថា រដ្ឋបាលខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរហ្វីលីពីនមក វិនិយោគ ទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈងាយស្រួលជូនគ្រប់បែបយ៉ាង។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតហ្វីលីពីន ក៏បានលើកឡើងពីកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសហ្វីលីននិងប្រទេសកម្ពុជា ជាពិសេសកំណើននៃការនាំចូលអង្ករក្នុងចំនួនច្រើនពីកម្ពុជាទៅកាន់ហ្វីលីពីនក្នុងពេលថ្មីៗកន្លងមកនេះ។

លោកលើកឡើងបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនហ្វីលីពីនមួយចំនួនបាននិងកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋមន្រ្តីរបស់ប្រទេសហ្វីលីពីនក៏បានជំរុញដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។

លោកលើកឡើងពីគម្រោងរៀបចំវេទិកាធុរកិច្ចដ៏ធំមួយរវាងហ្វីលីពីន និងកម្ពុជាដែលនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន។ លោកមើលឃើញថា ប្រជាពលរដ្ឋហ្វីលីពីនបាននិងកំពុងបំពេញការងារលើវិស័យផ្សេងៗនៅក្នុងខេត្តបាត់ដំបងប្រកបដោយសុខសុវត្ថិភាព និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន៕