ក្រសួងធនធានទឹក និង JICA  ជំរុញគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធស្រោចស្រព និងដោះទឹកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីពិភាក្សាលើទំហំការងារ និងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន សម្រាប់ «គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធស្រោចស្រព និងដោះទឹកនៅកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងកាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ជាមួយក្រុមការងារ Pre-Contact Mission នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មកពីទីក្រុងតូក្យូ ដែលដឹកនាំដោយលោក Hashizume Tamura។

លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើទំហំការងារ និងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន សម្រាប់ «គម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធស្រោចស្រព និងដោះទឹកនៅកម្ពុជា» លើអនុគម្រោងស្តារឡើងវិញចំនួន ០២ រួមមាន៖ អនុគម្រោងទំនប់លោក-ខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដី ៥.១១៥ ហិកតា និងអនុគម្រោងស្ពានស្រែង ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដី ១២.៥០០ ហិកតា។

សូមជម្រាបថា កិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុប ២០ រូប មកពី JICA ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អ.ដ.ផល) ក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារទីប្រឹក្សាបច្ចេកទេស (កុងស៊ុលតង់) និងភាគីពាក់ព័ន្ធ។ ដោយឡែក បេសកកម្មវាយតម្លៃរបស់ក្រុមការងារ JICA មកពីទីក្រុងតូក្យូ នឹងប្រព្រឹត្តទៅរយៈពេល ០៥ ថ្ងៃ (ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦) ដើម្បីសិក្សាបច្ចេកទេសមុនឈានដល់កិច្ចព្រមព្រៀងឥណទាន៕ អត្ថបទ៖ហ្សាលីន