Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានជួបប្រទះនូវការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីបានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូងមក បន្ទាប់ពីការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទីបីឆ្នាំនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញថា នៅពេលបិទទីផ្សារជួញដូរថ្ងៃទី២៩ ខែតុលា ភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះអស់ ១៣% ដែលបណ្តាលឱ្យទំហំទីផ្សាររបស់ខ្លួនធ្លាក់ចុះចំនួន ៤៨២ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មកនៅត្រឹម ៣,៤៦ទ្រីលានដុល្លារ។ នេះគឺជាការជួញដូរក្នុងកម្រិតទាបបំផុត ចាប់តាំងពីក្រុមហ៊ុនបានចេញលក់ភាគហ៊ុនជាសាធារណៈក្នុងឆ្នាំ២០០៤ មក។
យ៉ាងណាមិញ ភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលត្រីមាសទីបីរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែតុលា។ របាយការណ៍នេះបានបង្ហាញពីលំហូរសាច់ប្រាក់អវិជ្ជមានចំនួន ៩,០៧ពាន់លានដុល្លារ ដែលផ្ទុយទៅនឹងការព្យាកររបស់អ្នកវិភាគ។ ក្រុមហ៊ុនមេរបស់ Google មួយនេះ ក៏បានរក្សាការព្យាករអំពីការចំណាយដើមទុនពេញមួយឆ្នាំរបស់ខ្លួននៅកម្រិត ១៩៥-២០៥ពាន់លានដុល្លារផងដែរ។
គួរជម្រាបជូនផងដែរថា របាយការណ៍នេះ ក៏ត្រូវបានចេញផ្សាយចំពេលដែលវិនិយោគិនកាន់តែមានការសង្ស័យអំពីប្រសិទ្ធភាពនៃការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាទៅលើវិស័យបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕

