ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលារួមគ្នា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ដកស្រង់បទពិសោធ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការអនុវត្តគម្រោងភាពជាដៃគូ ILO-Korea បន្តសម្រាប់ឆ្នាំ២០២៧-២០៣០ សំដៅពង្រឹងលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ជាពិសេសក្នុងវិស័យសំណង់។ សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

អង្គសិក្ខាសាលាបានផ្តោតលើការវាយតម្លៃលទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងដំណាក់កាលឆ្នាំ២០២៤-២០២៦ ព្រមទាំងចងក្រងនូវឧត្តមានុវត្តន៍ ដើម្បីកំណត់ចំណុចអាទិភាព និងរៀបចំផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល ៤ឆ្នាំបន្ត (២០២៧-២០៣០) ដោយមានការចូលរួមពីតំណាងសហជីពកម្មករនិយោជិត សមាគមនិយោជក និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ។
ថ្លែងក្នុងឱកាសនោះ លោក ហួត ស៊ីនាដ បានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងកំពុងបន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងកិច្ចសហការជាមួយដៃគូនានា ដូចជា ILO, ILO-BFC, ILO-Korea, KOSHA និង GIZ។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពការងារ និងពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដើម្បីរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងផលប្រយោជន៍រួមរវាងកម្មករនិយោជិត និងនិយោជក។
ជាចុងក្រោយ លោករដ្ឋលេខាធិការ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នាផ្អែកលើមូលដ្ឋានច្បាប់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកផ្តល់ធាតុចូលកែលម្អការអនុវត្តគម្រោង ដើម្បីធានាឱ្យបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងសុខដុមនីយកម្មការងារនៅទូទាំងប្រទេស៕




