ដំណឹងល្អសម្រាប់និស្សិត TVET! ក្រុមហ៊ុនជប៉ុន TOKO និងដៃគូជាង ២០០ បើកឱកាសការងារផ្នែកវិស្វកម្ម និងថាមពលនៅជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Kengo Ichinoki ប្រធានផ្នែកអាជីវកម្មក្រៅប្រទេសនៃក្រុមហ៊ុនជប៉ុន TOKO Electrical Construction Co., Ltd. ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រីកកិច្ចសហការជ្រើសរើសវិស្វករ និងពលករជំនាញកម្ពុជាទៅបម្រើការងារនៅប្រទេសជប៉ុន ព្រមទាំងអភិវឌ្ឍវិស័យថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TOKO ដែលបានផ្តល់ឱកាសការងារដល់និស្សិតបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET ទៅធ្វើការនៅជប៉ុន និងបានជួយបណ្តុះបណ្តាលវិស្វកម្មអគ្គិសនីនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុន បង្កើតអាជីវកម្មនៅកម្ពុជា និងចែករំលែកតម្រូវការទីផ្សារការងារឱ្យបានច្បាស់លាស់, សហការជាមួយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដើម្បីបញ្ជូនពលករជំនាញទៅជប៉ុនដោយស្របច្បាប់, សហការជាមួយគ្រឹះស្ថាន TVET រៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យចំតម្រូវការឧស្សាហកម្មជប៉ុន។

ជាការឆ្លើយតប លោក Kengo Ichinoki បានកោតសរសើរសក្តានុពលកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា និងបានបញ្ជាក់ពីផែនការជ្រើសរើសវិស្វករ ព្រមទាំងពលករជំនាញកម្ពុជាជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ក្រុមហ៊ុននឹងណែនាំបណ្តាញក្រុមហ៊ុនដៃគូជាង ២០០ នៅប្រទេសជប៉ុន ឱ្យបន្តផ្តល់ឱកាសការងារដល់យុវជនកម្ពុជា ដើម្បីទទួលបានចំណេះដឹង និងបច្ចេកវិទ្យាទំនើបយកមកអភិវឌ្ឍជាតិមាតុភូមិវិញ៕