កម្ពុជា និង IMF ពិភាក្សាលើទស្សនវិស័យសេដ្ឋកិច្ច និងជំនួយបច្ចេកទេសហិរញ្ញវត្ថុ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្ម និងលោក Julio Bacio Terracino ទីប្រឹក្សាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើការវិវត្តនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច តម្រូវការជំនួយបច្ចេកទេស និងការត្រៀមបេសកកម្ម IMF Article IV សម្រាប់ឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រាប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ដែលជាអត្រាទាបជាងការរំពឹងទុកដើមឆ្នាំ ដោយសាររងផលប៉ះពាល់ពីវិបត្តិខាងក្រៅផ្ទួនៗរួមមាន ជម្លោះនៅមជ្ឈិមបូព៌ា ការកើនឡើងថ្លៃប្រេងឥន្ធនៈ ការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ការបង្ក្រាបបទល្មើសឆបោកបច្ចេកវិទ្យា និងឥទ្ធិពលបាតុភូត El Niño។ យ៉ាងណាក្តី វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ នៅតែបន្តរក្សាបានកំណើនរឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គាំពារកំណើនចំគោលដៅ ព្រមទាំងវិធានការអនុគ្រោះពន្ធលើទំនិញចាំបាច់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណាជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប លោក Kenichiro Kashiwase បានកត់សម្គាល់ និងកោតសរសើរចំពោះភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីវិស័យនាំចេញ ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃសុចរិតភាពក្នុងវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ IMF បានប្តេជ្ញាបន្តផ្តល់ជំនួយបច្ចេកទេសសំខាន់ៗដល់កម្ពុជាលើការកៀរគរចំណូល ការគ្រប់គ្រងចំណាយរយៈពេលមធ្យម និងការគ្រប់គ្រងទ្រព្យនិម្មិត សំដៅពង្រឹងអភិបាលកិច្ចហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងមានជំនឿទុកចិត្តខ្ពស់៕