កម្ពុជា-តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងសភា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ស្របពេលទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី ទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េនា ឆ្នាំ២០១៨ កន្លង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួប រវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅ រវាងប្រទេសទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សមិទ្ធផលទាំងនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ របស់លោកជំទាវ និងសហការី និងជាពិសេស ឆន្ទៈនយោបាយដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ តាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងស្ទើរលើគ្រប់វិស័យ។

សម្តេចរដ្ឋសភាធិបតី បានបន្តថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េនាឆ្នាំ២០១៨ កន្លង។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា។ គណៈប្រតិភូរដ្ឋសភា និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា និងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់។

ប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះមាន ការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម ប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្តធ្វើការរួមគ្នា ដើម្បីប្រកាន់យក និងកៀរគរប្រទេសផ្សេងៗទៀត ឱ្យគោរពនូវគោលការណ៍ទាំងនេះ ក្នុងពេលដែលសកលលោកកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ហ៊ុមព័ទ្ធដោយសង្គ្រាមនោះ។

ទន្ទឹមនឹងនោះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប្រទេសតួកគីយ៉េ បន្តផ្តល់ការគាំទ្រកម្ពុជា លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០៕