រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញ និងលើកទឹកចិត្តសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) ឱ្យពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងតួនាទីជាស្ពានភ្ជាប់កម្ពុជា-ជប៉ុន ក្នុងទិសដៅទាក់ទាញការវិនិយោគបន្ថែមទៀត។លោក ហេង សួរ ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ហេង សួរ បានឱ្យដឹងថា ជំនួបពិភាក្សានេះ បានបង្ហាញពីចក្ខុវិស័យ បេសកកម្ម និងទិសដៅការងាររបស់សមាគម CAJ ក្នុងការរួមចំណែកដល់ការតភ្ជាប់កម្ពុជា និងជប៉ុនលើការវិនិយោគ ភាពជាដៃគូធុរកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនខ្មែរនៅប្រទេសជប៉ុន។លោក ក៏បានជំរុញឱ្យសមាគម ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងពង្រីកបណ្តាញទំនាក់ទំនង ដើម្បីសម្រេចគោលដៅក្លាយជាស្ពានតភ្ជាប់ជប៉ុន និងកម្ពុជា ព្រមទាំងរួមចំណែកទាក់ទាញការវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន (CAJ) បានថ្លែងអំណរគុណចំពោះដឹកនាំក្រសួងដែលផ្តល់អនុសាសន៍ល្អៗ ដើម្បីរួមចំណែកធ្វើឱ្យសមាគមមានដំណើរការរលូនក្នុងការជួយសហគមន៍ខ្មែរនៅជប៉ុន។ជាមួយគ្នានេះ លោកនឹង លើកទឹកចិត្តឱ្យបងប្អូនខ្មែរបន្តរក្សាអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីខ្មែរឱ្យបានល្អ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ កម្មវិធីអប់រំ ព្រមទាំងការជួយគាំទ្របងប្អូនខ្មែរដែលជួបបញ្ហានានា។
សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ សមាគម CAJ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីឱ្យទទួលបានផ្លែផ្កា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន


